
ថ្នាក់ដឹកនាំសមាគមជនមានពិការភាពហង់សិននៅកម្ពុជា(សជហក)បានបើកកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារបណ្តាញទាំង២៥ រាជធានី ខេត្ត

ថ្ងៃអង្គារ១កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នៅថ្នាក់ដឹកនាំសមាគមជនមានពិការភាពហង់សិននៅកម្ពុជា(សជហក)បានបើកកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារបណ្តាញទាំង២៥ រាជធានី ខេត្តរបស់សមាគមសម្រាប់ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការរងក្រុមប្រឹក្សាសកម្មភាពជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំសមាគមចំនួន១១នាក់,មន្ត្រីតំណាងមូលនិធិអង្គការស៉ីអូម៉ាល់ ចំនួន២នាក់នៅមជ្ឈមណ្ឌលស្តារលទ្ធភាពជនពិការគៀនឃ្លាំង។
ផ្អែកតាមសេចក្តីរាយការណ៍របស់ប្រធានភូមិភាគបណ្ដាញទាំង៥និងសហគមន៍ត្រើង សកម្មភាពបណ្តាញមានការវិវឌ្ឍច្រើនសមាជិកមានទំនាក់ទំនងល្អដោយពួកគាត់ដឹងសុខទុក្ខគ្នាទៅវិញទៅមកបានល្អប្រសើរជាងមុន និងដើម្បីឱ្យការងារបណ្ដាញក៏ដូចជាសមាគមមានការរីកចម្រើនអង្គប្រជុំបានដាក់ចេញគោលដៅ លើចំណុចមួយចំនួនដូចជា៖ បន្តរបង្កើនទំនាក់ទំនងល្អទៅវិញទៅមកតាមភូមិភាគនិមួយៗ ការបង្កើនសមាជិកថ្មីៗ ការផ្តល់កិច្ចអន្តរាគមន៍ដល់ជនមានពិការភាពនៅពេលជួបបញ្ហា ការទទួលបានសេវាយុត្តិធម៌ សិទ្ធិសេរីភាព ការទទួលបានព័ត៌មាន ឱកាសការងារ មុខរបរ ជំនួយសង្គម មិនមានការរើសអើង និងការអប់រំជាដើម ។ល។